កម្ពុជា ពង្រឹងវិធានការបង្ការ ទប់ស្កាត់ការលួចបង្វែរយកសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀនខុសច្បាប់

mnr By mnr June 9, 2026

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាកំពុងពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ដើម្បីបង្ការនិងទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំ ទៅផលិតគ្រឿងញៀនខុសច្បាប់។ នេះជាវិធានការដើម្បីការពារសុចរិតភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ សុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិ។

កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានរំលេចក្នុងសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

អញ្ជើញជាអធិបតីតំណាង លោក រដ្ឋមន្ត្រី ហែម វណ្ណឌី អនុប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ លោក កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារសំខាន់នៃការគ្រប់គ្រងសារធាតុគីមីផ្សំប្រកបដោយប្រសិទ្ធភាព សម្រាប់ការប្រើប្រាស់ស្របច្បាប់ក្នុងឧស្សាហកម្ម។

លោក បានលើកឡើងថា «សារធាតុគីមីផ្សំ គឺមិនមែនជាសារធាតុគ្រឿងញៀនក្នុងទម្រង់ផលិតផលសម្រេចនោះទេ ប៉ុន្តែវាអាចត្រូវបានបង្វែរជាសារធាតុជំនួយប្រតិកម្ម និងជាធាតុផ្សំដើម្បីផលិតគ្រឿងញៀន។ ប្រសិនបើយើងប្រើប្រាស់ ឬគ្រប់គ្រងវាមិនបានត្រឹមត្រូវទេ សារធាតុគីមីផ្សំអាចក្លាយជាចលករមួយបម្រើផលិតកម្មមិនស្របច្បាប់»។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាញឧក្រិដ្ឋជននៅតែព្យាយាមប្រើប្រាស់សារធាតុគីមីស្របច្បាប់ សម្រាប់គោលបំណងខុសច្បាប់។

នាយឧត្តមសេនីយ៍ បានលើកឡើងថា «ក្រុមឧក្រិដ្ឋជននៅតែបន្តព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីលួចបង្វែរសារធាតុគីមីផ្សំពីការប្រើប្រាស់ស្របច្បាប់ យកទៅផលិតគ្រឿងញៀនខុសច្បាប់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត»៕