ADB ផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួន២ ដឹកនាំដោយស្ត្រីនៅកម្ពុជា

mnr By mnr September 30, 2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ ដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ដែលនឹងជួយគាំទ្រក្រុមហ៊ុនទាំងពីរជំរុញឱកាសកំណើនថ្មី និងរួម ចំណែក ដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ នេះបើយោងតាមលិខិតរបស់ ADB។

ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពលកំណើនលឿន។ ការវិនិយោគនេះនឹងជួយក្រុមហ៊ុនកែច្នៃអាហារ កម្ពុជា មានឈ្មោះថាសហគ្រាស សេកពីរ ដែលដឹកនាំដោយស្ត្រី និងក្រុមហ៊ុនកែច្នៃទឹកដោះគោ មានឈ្មោះថា Khmer Milky Food (KMF) ដែលជាសហកម្មសិទ្ធិរបស់ស្ត្រី ដើម្បីពង្រីកផលិតកម្ម ពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងបង្កើតការងារ។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ការវិនិយោគលើសហគ្រាស ដែលដឹកនាំដោយស្ត្រី អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចកម្ពុជា។ តាមរយៈការគាំទ្រដល់កំណើនរបស់សហគ្រាសទាំងនោះ ADB កំពុងពង្រឹងវិស័យកសិពាណិជ្ជកម្ម ឱ្យមានសមត្ថភាពប្រកួតប្រជែង និងភាពធន់កាន់តែខ្លាំងសំដៅបង្កើតឱកាសសម្រាប់ស្ត្រី កសិករ និងមនុស្សជំនាន់ក្រោយ»៕