សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រប់សាលារដ្ឋទូទាំងប្រទេស មិនចាំបាច់បង្កើតសាលារៀនស្តង់ដារពីរនោះទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា នៅគ្រប់សាលាទូទាំងប្រទេសមិនចាំបាច់បង្កើតសាលារៀនស្តង់ដារពីរ ក្នុងសាលារដ្ឋនោះទេ ។

ក្នុងពិធីអបអរសាទរពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីឱ្យសាលាទាំងអស់ក្លាយជាសាលាគំរូ ត្រូវយកសាលារៀនខ្លះមកអនុវត្តដើម្បីយកមតិយោបល់ បទពិសោធន៍ហើយយកទៅអនុវត្តនៅទូទាំងប្រទេស ។
សម្ដេចធិបតី បន្តថា កន្លងទៅមានគេសួរថា ក្រសួងអប់រំមានសាលារៀនមានស្ដង់ដារច្រើនម៉្លេះ មានទាំងសាលាជំនាន់ថ្មី សាលាគំរូផង តាមពិតមិនមាននោះទេ គឺមានតែ សាលារដ្ឋរបស់កម្ពុជាក្រោមការគ្រប់គ្រង ដឹកនាំ ទទួលខុសត្រូវ របស់ក្រសួងអប់រំ មន្ទីរអប់រំ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអប់រំ បណ្ដុះបណ្ដាលមនុស្ស ព្រោះនេះជាសាលាតែមួយគត់ដែលត្រូវធ្វើ។
សម្ដេចធិបតី បញ្ជាក់ថា «ថ្ងៃមុនមានគេស្នើសុំបង្កើតសាលាគំរូសម្តេចបវរធិបតី ថាមិនបាច់ទេ ហើយស្អីសាលាគ.ប.អ អត់ទេ ឈប់ទៅ គ្រាន់តែហៅងាយស្រួលចាំ មានតែសាលារដ្ឋរបស់កម្ពុជាក្រោមការដឹកនាំគ្រប់គ្រងទទួលខុសត្រូវរបស់ក្រសួងអប់រំ និងមន្ទីរអប់រំដែលជាសេនាធិការរាជរដ្ឋាភិបាល»៕

