រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញស្ថាប័នតុលាការ ត្រូវដោះស្រាយសំណុំរឿងឲ្យបានឆាប់រហ័ស ដើម្បីធានាការផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ

កែប ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជំរុញដល់មន្ត្រីតុលាការ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារ ជាពិសេសការដោះស្រាយសំណុំរឿងឲ្យបានឆាប់រហ័ស ត្រឹមត្រូវ និងស្របតាមច្បាប់ ដើម្បីធានាការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅក្រុងកែប ខេត្តកែប ដោយចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត តំណាងកងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីតុលាការ និងភ្ញៀវកិត្តិយសជាច្រើនរូប។




ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មីនេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់មួយ ស្របពេលដែលកម្ពុជាកំពុងអបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ។
ឧបនាយករដ្ឋមន្ត្រី បន្តថា ការដាក់ឲ្យប្រើប្រាស់អគារថ្មីនេះ មិនត្រឹមតែបំពេញតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ស្ថាប័នតុលាការ និងអយ្យការ ព្រមទាំងសម្រួលដល់ការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ៕


