សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការសង្គ្រោះជីវិតរបស់ពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។

ការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពី សម្តេច ចុះត្រួតពិនិត្យផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា «ចុះពិនិត្យស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល»។


សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព។



លើសពីនេះ សម្ដេចធិបតី ក៏បានអរគុណផងដែរចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។


