សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ មន្ដ្រីពំ្រដែនរបស់រាជរដ្ឋាភិបាល មិនបានលួចឯកភាពបោះបង្គោល ចូលកាត់ដីឱ្យគេនោះទេ

mnr By mnr October 22, 2026

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា មន្ដ្រីព្រំដែន របស់រាជរដ្ឋាភិបាលកម្ពុជា មិនបានលួចឯកភាពបោះបង្គោលចូលកាត់ដីឱ្យគេនោះទេ ខណៈពួកគាត់បានការពារទឹកដីជាមួយកងទ័ពគ្រប់វិនាទី។

ការថ្លែងប្រកាសរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេសបានចោទ ប្រកាន់មកលើរាជរដ្ឋាភិបាល និងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ថា «បានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅថៃ»។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រដ្ឋាភិបាល មិនថា បង្គោល ៥២-៥៩ រឿងព្រំដែននេះ រឿងធ្វើដោយមានភាពការទទួលខុសត្រូវ មន្ដ្រីពំ្រដែនរបស់យើង មិនបានលួចឯកភាព បោះបង្គោលចូលកាត់ដីឱ្យគេនោះទេ គាត់បានការពារទឹកដីជាមួយនឹងកងទ័ពរបស់យើងគ្រប់វិនាទី គ្រប់ជំហ៊ានទាំងអស់»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ដូច្នេះកុំចោទមន្ដ្រីរាជរដ្ឋាភិបាល ឬរាជរដ្ឋាភិបាល យើងធ្វើការដើម្បីបម្រើជាតិ ជាពិសេសទាំងកងទ័ព ទាំងមន្ដ្រីនយោបាយ មន្ដ្រីព្រំដែន អ្នកការទូត គឺសុទ្ធតែការពារទឹកដីកម្ពុជា ហើយផ្ដល់ឱកាស និងរក្សាភាពស្ងៀមស្ងាត់ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ៕