រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ 

mnr By mnr June 9, 2026

បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តដល់អង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រកម្ពុជា និងកុមារងាយរងគ្រោះ ឱ្យទទួលបានការអប់រំជាថ្នាលឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងធនធានមនុស្ស ឱ្យកាន់តែមានគុណភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ 

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានារបស់អង្គការកុមារកម្ពុជារីករាយ ស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះអង្គការកុមារកម្ពុជារីករាយ ដែលចាប់តាំងពីឆ្នាំ២០១៨មក បានពង្រីកការគាំទ្រវិស័យអប់រំ ទៅកាន់ខេត្តគោលដៅ ចំនួន ៩ និងបានវិនិយោគធនធានជាច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំ និងឱកាសសិក្សារបស់កុមារកម្ពុជា ដែលនេះគឺជាការអនុវត្តដ៏ត្រឹមត្រូវ និងចំទិសដៅ ក្នុងការធានាថា កុមារងាយរងគ្រោះ និងក្រីក្រ នៅតាមតំបន់ដាច់ស្រយាល អាចអាន សរសេរ និងគណនាលេខ បានយ៉ាងស្ទាត់ជំនាញ នៅពេលបញ្ចប់ថ្នាក់ទី៦។ 

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគីនចាន់ ដែលបានផ្ដួចផ្ដើមបង្កើតអង្គការកុមារកម្ពុជារីករាយ និងបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជននានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន អង្គការកុមារកម្ពុជារីករាយ ដែលបង្កើតឡើងដោយមូលនិធិ គីនចាន់ បានចុះប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល ក្នុងខេត្ត ចំនួន ៩ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង ព្រៃវែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប និងរតនគីរី៕