សត្វប្រើសញីមានផ្ទៃពោះមួយក្បាល ត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌

ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន មានក្តីរំជួលចិត្ត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រហឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌។

សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឲ្យបានឡើយ។
ក្រោយពេលកើតហេតុភ្លាមៗ ដោយមានការសហការ និងផ្តល់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីបរិស្ថាន អាជ្ញាធរបានចុះអន្តរាគមន៍ និងបានណែនាំឲ្យនាំយកសាកសពសត្វប្រើសដ៏កម្សត់នោះ ទៅធ្វើបុណ្យកប់នៅក្នុងបរិវេណវត្តអារាមឲ្យបានសមរម្យ។



ជាមួយគ្នានេះដែរ អាជ្ញាធរក៏បាននិមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចកុសល បង្សុកូល និងឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃ សូមឲ្យបានទៅចាប់ជាតិថ្មី ក្នុងសុគតិភព ជាមនុស្សល្អៗ មានវាសនាខ្ពង់ខ្ពស់ និងជៀសផុតពីជីវិតអភ័ព្វដូចក្នុងជាតិនេះទៀត។
រដ្ឋបាលខេត្ត និងមន្ទីរជំនាញ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិខាងលើ៕


