ក្រសួងបរិស្ថាន ៖ ការសម្លាប់ ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់

ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការចូលរួមការពារសត្វព្រៃ ហើយការសម្លាប់ ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។

ក្រសួងបរិស្ថាន បានសម្ដែងការសោកស្តាយចំពោះការស្លាប់សត្វប្រើសមួយក្បាល ដោយសារតែមានជម្លោះជាមួយសត្វឆ្កែ របស់អ្នកស្រុកនៃសហគមន៍មូលដ្ឋានរស់នៅក្បែរព្រៃ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ កន្លងមកនេះ។
ការអភិរក្សសត្វប្រើស នៅកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ជួយការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងជំរុញសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលផ្តល់ផលប្រយោជន៍ទាំងបង្កើតចំណូលជូនសហគមន៍មូលដ្ឋាន និងលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ។



សូមបញ្ជាក់ថា សត្វ ប្រើស ចូលចិត្តរស់នៅជាក្រុម ឬហ្វូង លាយឡំជាមួយសត្វចតុប្បាទព្រៃផ្សេងៗ តាមតំបន់ព្រៃនានានៅកម្ពុជា។
មិនមានទិន្នន័យផ្លូវការណាមួយបញ្ជាក់ពីចំនួនសរុបពិតប្រាកដរបស់សត្វប្រើសនៅកម្ពុជានោះទេ ដោយសារតែពួកវាជាសត្វព្រៃរស់នៅពាសពេញផ្ទៃប្រទេស។ បច្ចុប្បន្នសត្វប្រើស មានចំនួនតិចណាស់ និងស្ថិតក្នុងស្ថានភាពងាយរងគ្រោះ នៅក្នុង បញ្ជីក្រហមរបស់អង្គការ IUCN៕





