រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការពង្រីកការផ្ដល់សេវាអប់រំកុមារតូច ជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការពង្រីកការផ្ដល់សេវាអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ ដោយធានាថា «កុមារគ្រប់រូបមានការចាប់ផ្តើមដ៏យុត្តិធម៌ ខណៈពេលដែលយើងកំពុងកសាងសង្គមដែលមានសមធម៌ មានផលិតភាព និងមានភាពធន់ជាងមុន»

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រី្ត ហង់ជួន ណារ៉ុន នាឱកាសដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមក្នុងកិច្ចពិភាក្សា ស្ដីពី ការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ (Advancing early years learning for a changing world) នៅមជ្ឈមណ្ឌល Queen Elizabeth II ចក្រភពអង់គ្លេស នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រី្ត បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការអប់រំកុមារតូច ដែលដើរតួនាទីសំខាន់ក្នុងការផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ លោកថា កុមារតូចៗដែលទទួលបានការថែទាំ ការថែទាំប្រកបដោយវិជ្ជាជីវៈ និងភាពកក់ក្តៅពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ទំនងជាបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាដោយជោគជ័យ ដោយកាត់បន្ថយការបោះបង់ការសិក្សា។



ភស្តុតាងស្រាវជ្រាវ បានបង្ហាញថា ៨០% នៃការតភ្ជាប់រវាងខួរក្បាលរបស់កុមារតូចកើតឡើងរវាងអាយុសូន្យឆ្នាំ និងបីឆ្នាំដំបូងនៃជីវិត។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលរបស់កុមារអភិវឌ្ឍបានល្អ និងយ៉ាងឆាប់រហ័ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញបញ្ញា ភាពវៃឆ្លាត និងជំនាញជាមូលដ្ឋានដូចជា ជំនាញសង្គម ភាពក្លាហាន ការអត់ធ្មត់ និងជំនាញទំនាក់ទំនង ដែលជាជំនាញសំខាន់ក្នុងភាពជោគជ័យនៃការសិក្សាពេញមួយជីវិតរបស់មនុស្សម្នាក់។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រី្ត ក៏បានសង្កត់ធ្ងន់បន្ថែមអំពីប្រព័ន្ធអប់រំកុមារតូច ដែលមានប្រសិទ្ធភាព គឺត្រូវការអ្នកអប់រំដែលបានទទួលការបណ្តុះបណ្តាលនិងគាំទ្រ កម្មវិធីសិក្សាដែលផ្អែកលើការលេងនិងពាក់ព័ន្ធនឹងវប្បធម៌ បរិយាកាសសិក្សាដែលមានសុវត្ថិភាព ព្រមទាំងរួមបញ្ចូលនូវការចូលរួមពីឪពុកម្តាយយ៉ាងខ្លាំង ហិរញ្ញប្បទានសាធារណៈ និងអភិបាលកិច្ចប្រកបដោយចីរភាព៕


