មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បិទចរាចរណ៍ឈប់ឱ្យប្រើផ្លូវវាង និងបើកឱ្យចរាចរណ៍លើស្ពានដែកបេឡេតិ៍ឆ្លងកាត់ស្ទឹងមេទឹក

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទឈប់ឱ្យប្រើប្រាស់ផ្លូវវាងក្រាលដីល្បាយថ្ម និងការបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេតិ៍ឆ្លងកាត់ស្ទឹងមេទឹក ស្ថិតនៅវាលវែង ខេត្តពោធិ៍សាត់។




បើតាមសេចក្ដីជូនដំណឹង, ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានទឹកហូរខ្លាំងបណ្តាលឱ្យផ្លូវវាង ក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ១៧១+៦៩៧ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ផ្តើមហូរច្រោះបាក់ស្រុត និងលែងធ្វើចរាចរណ៍បាន។
ជាមួយគ្នានេះដែរការងារជួសជុលពង្រឹងស្ពានដែកបេឡេតិ៍ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ក៏បានបញ្ចប់ការងាររួចរាល់។ ដើម្បីធានាសុវត្ថិភាពជូនសាធារណជន និងបង្ការ ហានិភ័យដែលអាចកើតមានជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ សូមជូនដំណឹង ពីការឈប់ឱ្យធ្វើចរាចរណ៍លើផ្លូវវាងក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹកចាប់ពីពេលនេះតទៅ នឹងបើកឱ្យ ធ្វើចរាចរណ៍លើស្ពានដែកបេឡេតិ៍ជំនួសវិញ៕




