រដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ យុវវ័យសម័យនេះ ត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល

mnr By mnr May 18, 2026

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។

ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។

យុទ្ធនាការនេះដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោត លើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយ បោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនេះនឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាននិង ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលមានស្មារតីម្ចាស់ការ ក្នុងការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និងសហគមន៍។

មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្សនាឱកាសនោះលោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សា ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។ ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដ៏រឹងមាំ ដើម្បី បន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម»៕