ក្រសួងប្រៃសណីយ៍ ៖ រាល់ស៊ីមកាត គ្មានអត្តសញ្ញាណ ឬប្រើប្រាស់ឯកសារក្លែងក្លាយ ត្រូវចាត់វិធានការ បិទជាដាច់ខាត

ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា រាល់ស៊ីមកាត ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ឬប្រើប្រាស់ឯកសារ ក្លែងក្លាយ ត្រូវតែចាត់វិធានការបិទជាដាច់ខាត។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនី ទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា «រាល់ស៊ីមកាត ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ឬប្រើប្រាស់ឯកសារ ក្លែងក្លាយ ត្រូវតែចាត់វិធានការបិទជាដាច់ខាត តាមនីតិវិធីកំណត់ និងមិនត្រូវគិតអំពីផល ចំណេញអាជីវកម្មរយៈពេលខ្លី ធំជាងសន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាជនឡើយ»។
បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានអំពាវនាវចំពោះប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ត្រូវបង្កើនការទទួលខុសត្រូវ និងភាពម៉ឺងម៉ាត់ ក្នុងការធ្វើបច្ចុប្បន្នភាព ទិន្នន័យអ្នកប្រើប្រាស់ស៊ីមកាត ឱ្យបានត្រឹមត្រូវ១០០% ស្របតាមច្បាប់ ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕





