នគរបាលរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់ ពាក់ព័ន្ធបទល្មើសលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

mnr By mnr May 13, 2026

ភ្នំពេញ ៖ នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន ៣នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណីផ្សេងគ្នា ក្នុងនោះ លួចរថយន្តបាន ៣ករណី និងលួចផ្លាកលេខរថយន្ត ៣ករណី។

ការបង្រ្កាបជនសង្ស័យបានសម្រេចនៅពេលនេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាបជនសង្ស័យទាំង ៣នាក់នេះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហពន្ធ័រុស្សីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក  រាជធានីភ្នំពេញ។ 

សូមបញ្ជាក់ថា សម្ភារដកហូត រួមមាន ៖ រថយន្តចំនួន ១គ្រឿង ម៉ាក់PUIR ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្មភាព) ឧបករណ៍សម្ភារបម្រើឲ្យអំពើលួច និងផ្លាកលេខចំនួន ១០ សន្លឹក។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕