អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់២រូប និងអ្នកពាក់ព័ន្ធ ២នាក់ទៀតទៅតុលាការ ដើម្បីសាកសួរ

mnr By mnr April 22, 2026

យោងតាមការបញ្ជាក់របស់ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនអគ្គនាយករងអន្តោប្រវេសន៍ និងស្នងការរងនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ នៅរសៀលថ្ងៃនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះថា ៖ នៅវេលាម៉ោង ៤កន្លះរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជួនខ្លួនមនុស្សចំនួន ៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីស៊ីសំណូក Online Scams និងសម្អាតប្រាក់។

មន្ត្រីនគរបាលដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនមានដូចជា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យស៊ីសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online និងសម្អាតប្រាក់។ ចំណែកអ្នកេះពាក់ព័ន្ធចំនួន ២រូប ផ្សេងទៀត មិនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបង្ហាញអត្តសញ្ញាណនៅឡើយទេ។

សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធសរុបចំនួន៤នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕