ប្រធានាធិបតីចិនថាច្រកសមុទ្រហ័រមូស គួរតែឱ្យកប៉ាល់ឆ្លងកាត់ធម្មតា

mnr By mnr April 21, 2026

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យរក្សាភាពធម្មតានៃកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២០ ខែមេសា ជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់។

ប្រទេសចិនមានការព្រួយបារម្ភអំពីអស្ថិរភាពឡើងវិញនៅជុំវិញផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈដែលបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានស្ថិតនៅក្រោមភាពតានតឹងថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់1គ្រឿង ហើយទីក្រុងតេអេរ៉ង់បានបង្ហាញសញ្ញាថាខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជាថ្មីសម្រាប់ពេលនេះទេ។

សូមបញ្ជាក់ដែរថា ប្រទេសចិនគឺជាអ្នកទិញប្រេងឆៅដ៏សំខាន់របស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះមិនឱ្យនាវាផ្សេងទៀតចូលចត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាម កាលពីខែកុម្ភៈ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានដកស្រង់សម្តីរបស់ លោកស៊ី ដែលបាននិយាយថា ប្រទេសចិនគាំទ្របទឈប់បាញ់ ជាបន្ទាន់ ហើយទទូចឱ្យដោះស្រាយ ជម្លោះនៅមជ្ឈិមបូព៌ាតាមរយៈនយោបាយ និង ការទូត។

លោកបានប្រាប់មេដឹកនាំអារ៉ាប៊ីសាអូឌីតថា «ច្រក សមុទ្រហ័រមូសគួរតែនៅតែបើកសម្រាប់ការឆ្លងកាត់ ធម្មតា ព្រោះវាបម្រើផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ»។

ប្រភព: CNA news