ស្នងការនគរបាលខេត្តកំពត ៖ មន្ត្រីនគរបាលគប់កែវស្រាលើអ្នកចាប់ទឹកកកឲ្យរងរបួស នឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែង

mnr By mnr April 21, 2026

កំពត ៖ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនពាក់ព័ន្ធមន្ត្រីនគរបាលម្នាក់ដែលបានប្រើហិង្សាលើស្ត្រីអ្នកចាប់ទឹកកកបណ្ដាលឲ្យរងរបួស។

លោក ស្នងការខេត្ត សង្កាត់ធ្ងន់ថា «មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះ គឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ។ មន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋ នឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត»។

សូមជម្រាបថា កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ស្ត្រីម្នាក់ដែលមានឈ្មោះ ថា ទិត្យធូ ជាអ្នកស៊ីឈ្នួលចាប់ទឹកកកឲ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា បំរើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួស ត្រូវបានក្រុមកាងារបញ្ជូនទៅសង្រោះបន្ទាន់ភ្លាមៗ៕