អភិបាលខេត្តពោធិ៍សាត់ ណែនាំឱ្យពង្រឹងគុណភាពអប់រំ និងដោះស្រាយបញ្ហាសិស្សបោះបង់ការសិក្សា

ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពនៃការអប់រំ និងយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ រកឫសគល់នៃបញ្ហាសិស្សបោះបង់ការសិក្សា ដើម្បីស្វែងរកដំណោះស្រាយជួយពួកគាត់ឱ្យបានទាន់ពេលវេលា។

ការថ្លែងជំរុញបែបនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែល លោក ខូយ រីដា អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តជាច្រើនរូប។
លោក អភិបាលខេត្ត បានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ការដែលលោកមានឱកាសបានមកកាន់មុខតំណែង ជាថ្នាក់ដឹកនាំខេត្តនាពេលនេះ គឺផ្តើមចេញពីដើមចម នៃការធ្វើជា «គ្រូបង្រៀន»។



កត្តានេះហើយ ទើប លោក តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់បំផុត លើវិស័យអប់រំ ក៏ដូចជាកិត្តិយស និងជីវភាពរបស់លោកគ្រូ អ្នកគ្រូគ្រប់រូប។
ពោធិ៍សាត់ អភិបាលខេត្ត បានផ្តាំផ្ញើដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ត្រូវរក្សា និងបង្កើនស្មារតីសាមគ្គីភាព រួបរួមសហការគ្នាឱ្យបានល្អប្រកបដោយបរិយាបន្ននៅក្នុងគ្រឹះស្ថានសិក្សា ដើម្បីបង្កើតបរិយាកាសការងារ និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព៕





