ឯកឧត្ដមបណ្ឌិត ងិន បាណាល់ អញ្ជើញជួបសំណេះសំណាល ព្រមទាំងលើកទឹកចិត្តដល់និវត្តជន និងជនពិការក្នុងស្រុកបាភ្នំ

ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខលោកតា លោកយាយ អ៊ំ ពូ មីង ជានិវត្តជន និងបងប្អូនជនពិការសរុបចំនួន ២៣៣ នាក់ មកពីបណ្ដាឃុំទាំង ៩ នៃស្រុកបាភ្នំ ខេត្តព្រៃវែង។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកបាភ្នំ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៦។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា វត្តមានរបស់និវត្តជន និងបងប្អូនជនពិការទាំងអស់ ជាសក្ខីភាពបង្ហាញពីកម្លាំងចិត្ត និងជាធនធានមនុស្សដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ និវត្តជនទាំងអស់គឺជាចាស់ព្រឹទ្ធាចារ្យដែលបានបូជាកម្លាំងកាយចិត្ត និងបទពិសោធន៍ពេញមួយជីវិតដើម្បីបម្រើជាតិ ហើយការចូលនិវត្តន៍គឺជាការចាប់ផ្តើមទំព័រថ្មីក្នុងការចែករំលែកចំណេះដឹងដល់ជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីតស៊ូ និងភាពរឹងមាំរបស់បងប្អូនជនពិការ ដែលពិការភាពកាយសម្បទាមិនមែនជាឧបសគ្គដល់ការអភិវឌ្ឍសមត្ថភាព និងក្តីស្រមៃនោះឡើយ។

ឯកឧត្ដមបានបញ្ជាក់ថា ការជួបជុំគ្នានេះមានគោលបំណងសំខាន់ ដើម្បីស្តាប់នូវតម្រូវការ បញ្ហាប្រឈម និងក្តីកង្វល់ផ្សេងៗ ជាពិសេសស្វែងរកដំណោះស្រាយ ព្រមទាំងរៀបចំផែនការបង្កើតឱកាសបន្ថែមទៀត ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង ដោយរាល់មតិយោបល់ទាំងអស់នឹងត្រូវទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ងិន បាណាល់ បានណែនាំឲ្យមានការយកចិត្តទុកដាក់ថែទាំ និងផ្តល់ក្តីស្រឡាញ់ដល់មនុស្សចាស់ និងជនពិការ ជាការបង្ហាញពីសេចក្តីគោរព កតញ្ញូ និងមនុស្សធម៌ ព្រោះអ្វីដែលពួកគាត់ត្រូវការបំផុតគឺការយល់ចិត្ត និងអារម្មណ៍ថាខ្លួនជាសមាជិកដ៏មានតម្លៃក្នុងគ្រួសារ និងសង្គម។
អាជ្ញាធរមូលដ្ឋាន និងសហគមន៍ត្រូវបន្តយកចិត្តទុកដាក់ស្តាប់ និងដោះស្រាយតម្រូវការជាក់ស្តែង ព្រមទាំងផ្តល់អាទិភាពពិសេសជូនពួកគាត់ក្នុងការទទួលបានសេវាសាធារណៈ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ការអភិវឌ្ឍដែលមិនទុកនរណាម្នាក់ចោល។
គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាព ជួយយកអាសាគ្នាទៅវិញទៅមក និងលុបបំបាត់ការរើសអើងចំពោះជនពិការនៅក្នុងសហគមន៍ឱ្យអស់៕

















