ឯកឧត្ដមបណ្ឌិត ងិន បាណាល់ អញ្ជើញជួបសំណេះសំណាល និងសម្តែងការកោតសរសើរដល់ «កងទ័ពអាវស» នៅស្រុកបាភ្នំ


ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យចំនួន ២០២ អង្គ/នាក់ ដែលអញ្ជើញមកពីមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពទាំង៩ នៃស្រុកបាភ្នំ ខេត្តព្រៃវែង។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកបាភ្នំ នៅថ្ងៃទី ១៩ ខែកញ្ញា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានដែលបានរៀបចំជំនួបនេះឡើង។ ឯកឧត្ដមបានគូសបញ្ជាក់ថា អាជីពជាគ្រូពេទ្យគឺជាអាជីពដ៏ឧត្តុង្គឧត្តម ពោរពេញដោយគុណធម៌ និងមានតម្លៃបំផុត។ លោកគ្រូ អ្នកគ្រូពេទ្យប្រៀបដូចជា «កងទ័ពអាវស» ដែលបានលះបង់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធ ទាំងយប់ទាំងថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ។





ទោះបីជាត្រូវជួបប្រទះនូវសម្ពាធការងារ ការនឿយហត់ ឬភាពខ្វះខាតផ្សេងៗក៏ដោយ ក៏គ្រូពេទ្យទាំងអស់នៅតែរក្សាបាននូវស្នាមញញឹម ក្រមសីលធម៌ និងគុណធម៌វិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួន ដែលជាទីគោរព និងកោតសរសើរយ៉ាងស្មោះស្ម័គ្រពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងស្រុកបាភ្នំ។
ដើម្បីបន្តពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសុខាភិបាល ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមបណ្ឌិត ងិន បាណាល់ បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើសំខាន់ៗមួយចំនួន ដូចជា បន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនអ្នកជំងឺ ដោយប្រើប្រាស់ពាក្យពេចន៍ទន់ភ្លន់ និងស្នាមញញឹម ដែលជាឱសថទីមួយក្នុងការសម្រាលការឈឺចាប់។
ការខិតខំអភិវឌ្ឍសមត្ថភាពជាប្រចាំ តាមរយៈការសិក្សារៀនសូត្រ និងស្រាវជ្រាវបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះការវិវត្តនៃជំងឺ។ ការប្រតិបត្តិប្រកបដោយស្តង់ដារបច្ចេកទេស និងបទដ្ឋានវេជ្ជសាស្ត្រច្បាស់លាស់ ក្នុងការពិនិត្យ និងព្យាបាល ដើម្បីចៀសវាងកំហុសឆ្គងដែលបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ។ ការចាត់ទុកសុវត្ថិភាព និងអាយុជីវិតរបស់អ្នកជំងឺជាអាទិភាពចម្បងបំផុត ដោយមិនតម្រង់ទិសដៅលើផលប្រយោជន៍ហិរញ្ញវត្ថុជាធំឡើយ។
ការការពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ រវាងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំង៩ ឃុំ ក្នុងការផ្លាស់ប្តូរបទពិសោធ និងសម្រួលការបញ្ជូនអ្នកជំងឺឱ្យមានប្រសិទ្ធភាពខ្ពស់ និងការយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អប្រសើរ ព្រោះថាការមើលថែសុខភាពខ្លួនឯងបានល្អ ជាគ្រឹះយ៉ាងសំខាន់ក្នុងការឈានទៅមើលថែទាំអ្នកដទៃ៕







