ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ៖ ការអភិវឌ្ឍវិស័យអប់រំ មិនអាចខ្វះការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងពង្រឹងការគ្រប់គ្រងសាលារៀនបានឡើយ

ព្រះវិហារ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំ មិនអាចខ្វះការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការពង្រឹងការគ្រប់គ្រងសាលារៀនបានឡើយ ដោយត្រូវបន្តលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពគ្រូបង្រៀន ពង្រឹងការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា និងធានាបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់សិស្សានុសិស្ស។

លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងដូចនេះនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីប្រកាសតែងតាំងលោកស្រី គឹម គន្ធារីន ឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ជំនួសលោក ចេង លឹមហ៊ាន់ ដែលត្រូវបានចូលនិវត្តន៍ និងដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អង្គភាពពាក់ព័ន្ធ និងមន្ត្រីអប់រំជាច្រើនរូប។



ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងណែនាំឱ្យប្រធានមន្ទីរថ្មី ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ភាពជាអ្នកដឹកនាំល្អ គោរពវិន័យ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍវិស័យអប់រំនៅខេត្តព្រះវិហារឱ្យកាន់តែរីកចម្រើន។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងផ្តាំផ្ញើដល់លោកស្រី គឹម គន្ធារីន ក្នុងនាមជាប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តកំណែទម្រង់វិស័យអប់រំ ដើម្បីធានាឱ្យការអប់រំកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ការខិតខំប្រឹងប្រែង និងការលះបង់របស់លោក ចេង លឹមហ៊ាន់ ក្នុងការបំពេញតួនាទីជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ កន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្ត៕



