ឯកឧត្តមបណ្ឌិត ងិន បាណាល់ ផ្ញើសារអបអរសាទរ និងលើកទឹកចិត្តដល់សិស្សទទួលបាននិទ្ទេស A នៅស្រុកបាភ្នំ

mnr By mnr September 2, 2026

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងមោទនភាពជាខ្លាំង ចំពោះក្មួយៗសិស្សានុសិស្សចំនួន ១៣នាក់ ក្នុងនោះស្រី ៨នាក់ នៅក្នុងស្រុកបាភ្នំ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ គឺនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលថ្មីៗនេះ។
 
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះភាពតស៊ូ ព្យាយាម និងការយកចិត្តទុកដាក់រៀនសូត្ររបស់ក្មួយៗ ព្រមទាំងការលះបង់យ៉ាងធំធេងរបស់ឪពុកម្តាយ និងការខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលពីសំណាក់លោកគ្រូ អ្នកគ្រូ រហូតទទួលបានផ្លែផ្កាគួរជាទីមោទនៈនេះ ដែលមិនត្រឹមតែនាំមកនូវកិត្តិយសសម្រាប់គ្រួសារ និងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពដ៏ធំធេងសម្រាប់ស្រុកបាភ្នំទាំងមូលផងដែរ។
 
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ក៏បានផ្ញើសារលើកទឹកចិត្តដល់ក្មួយៗជ័យលាភីទាំងអស់ ឱ្យបន្តក្រេបជញ្ជក់យកចំណេះដឹង ដោយត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យបានខ្ពង់ខ្ពស់បន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រឡងជាប់និទ្ទេស A គឺជាជំហានចាប់ផ្តើមនៃជោគជ័យមួយប៉ុណ្ណោះ ដូច្នេះក្មួយៗ ត្រូវបន្តខិតខំស្រាវជ្រាវ ក្រសោបយកជំនាញឱ្យបានច្បាស់លាស់ និងអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងក្លា ដើម្បីត្រៀមខ្លួនក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាសសរទ្រូងដ៏មានសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត៕