កម្ពុជា បញ្ជាក់សារជាថ្មីថា តាមពិត គឺភាគីថៃនោះទេ ដែលបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន

ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន ដូច្នេះ ភាគីថៃ ដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះឡើយ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។
កម្ពុជា បានបញ្ជាក់សាជាថ្មីថា «តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ ដូច្នេះ ភាគីថៃដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ»។
ជាមួយគ្នានេះ វាមានសារៈសំខាន់ក្នុងការគូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath)។ ការដាក់ចេញនូវផែនការនេះបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។
ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។
ដូច្នេះ កម្ពុជា បានអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕


