ឯកឧត្តមបណ្ឌិត ងិន បាណាល់ ៖ មូលដ្ឋានស្រុកបាភ្នំទាំងមូលកំពុងមានការប្រែមុខមាត់ និងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាភ្នំ បានវាយតម្លៃជារួមថា មូលដ្ឋានស្រុកបាភ្នំទាំងមូលកំពុងមានការប្រែមុខមាត់ និងរីកចម្រើនគួរឱ្យកត់សម្គាល់។

ការលេីកឡេីងរបស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ នាឱកាសអញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងរកដំណោះស្រាយជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្នុងស្រុកបាភ្នំ ដែលមានសមាភាពចូលរួមចំនួន ៧២នាក់ នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានធ្វើការកត់សម្គាល់ និងវិភាគយ៉ាងលម្អិតទៅលើគម្រោងមូលនិធិឃុំ ដោយឯកឧត្តមបានគូសបញ្ជាក់ថា មូលនិធិឃុំមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរង្វង់ពី ១១ % ទៅ ១៩ %។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែស្ថានភាពប្រែប្រួល និងបញ្ហាប្រឈមមួយចំនួននៅតាមព្រំដែន ទើបធ្វើឱ្យថវិកាមូលនិធិនៅក្នុងឆ្នាំ២០២៦ នេះ មានការថយចុះបន្តិចបន្តួច ដែលទាមទារឱ្យមានការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយការគិតគូរហ្មត់ចត់បំផុត។
ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានវាយតម្លៃជារួមថា មូលដ្ឋានស្រុកបាភ្នំទាំងមូលកំពុងមានការប្រែមុខមាត់ និងរីកចម្រើនគួរឱ្យកត់សម្គាល់។ ភាពរីកចម្រើនទាំងនេះ គឺស្តែងចេញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋបាលឃុំនីមួយៗ និងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់។
កត្តាទាំងនេះបានធានាបាននូវនិរន្តរភាពការងារយ៉ាងល្អប្រសើរលើគ្រប់វិស័យ រាប់ចាប់តាំងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់ វិស័យកសិកម្ម និងប្រព័ន្ធធារាសាស្ត្រ វិស័យអប់រំ សាសនា សុខាភិបាល រហូតដល់ការរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានរួមចំណែកផ្ទាល់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់។
បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះរាល់សមិទ្ធផលនានាដែលសម្រេចបាន ក៏ដូចជាស្មារតីលះបង់ខ្ពស់របស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិកាក្រុមការងារគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ជោគជ័យទាំងនេះមិនអាចកាត់ផ្តាច់បានឡើយពីការបរិច្ចាគទាំងកម្លាំងកាយ ចិត្ត ពេលវេលា មធ្យោបាយធ្វើដំណើរ ព្រមទាំងធនធានថវិកាផ្ទាល់ខ្លួនរបស់ក្រុមការងារ ដើម្បីជួយឧបត្ថម្ភគាំទ្របន្ថែមពីលើកញ្ចប់ថវិកាមូលនិធិឃុំ។
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ ដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែស្អិតរមួត ត្រូវបន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដើម្បីក្តាប់ឱ្យបាននូវរាល់កង្វល់ និងសំណូមពរជាក់ស្តែង ហើយត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ សំដៅរួមគ្នាថែរក្សាសុខសន្តិភាព និងបន្តកសាងស្រុកបាភ្នំឱ្យកាន់តែអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕




















