ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ៖ កម្មវិធី «គំនិតឆ្នើម» ជាវេទិកាដ៏សំខាន់ក្នុងការបណ្តុះជំនាញទន់ និងអភិវឌ្ឍសមត្ថភាពយុវជន

ព្រៃវែង ៖ ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការកម្មវិធី «គំនិតឆ្នើម» ដែលរៀបចំឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ១.៣២១ នាក់។

នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងឆ្លៀតពេលវេលាដ៏មមាញឹក រៀបចំឱ្យមានកម្មវិធី «គំនិតឆ្នើម» នេះឡើង។
ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា កម្មវិធីជជែកដេញដោលនេះ គឺជាឧបករណ៍មួយដ៏មានឥទ្ធិពលក្នុងការអភិវឌ្ឍធនធានមនុស្ស ដ្បិតវាលើសពីការទទួលបានពាន និងរង្វាន់ទៅទៀត។ កម្មវិធីនេះបានផ្តល់ឱកាសដល់សិស្សវិទ្យាល័យនៅទូទាំងខេត្តព្រៃវែង ក្នុងការបង្ហាញភាពក្លាហាន បញ្ចេញសមត្ថភាព ពង្រឹងការគិតបែបស៊ីជម្រៅ ព្រមទាំងបង្កើននូវជំនាញទន់ ដែលជាទុនមិនអាចខ្វះបានសម្រាប់យុវជនក្នុងយុគសម័យថ្មី។




ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីសមិទ្ធផល និងកម្មវិធីជាច្រើនដែលក្រុមការងារបាននិងកំពុងអនុវត្តយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការកសាងធនធានមនុស្ស។ កម្មវិធីទាំងនោះរួមមាន កម្មវិធីយុវជនឆ្នើម (ការប្រឡងប្រជែងផ្នែកសម្រស់ និងចម្រៀង) កម្មវិធីវោហារឆ្នើម កម្មវិធីបាល់ទាត់យុវជន កម្មវិធីតម្រង់ទិសសិស្សថ្នាក់ទី១២ ព្រមទាំងការបណ្ដុះបណ្ដាលភាសាបរទេស ដូចជាភាសាអង់គ្លេស ភាសាចិន។
ក្រៅពីការអភិវឌ្ឍផ្នែកចំណេះដឹង និងជំនាញ ក្រុមការងារក៏បានដុះខាត់ស្មារតីយុវជនឱ្យចូលរួមការងារសង្គម តាមរយៈការងារមនុស្សធម៌ ការដាំដើមឈើនៅតាមទីសាធារណៈ និងក្នុងបរិវេណវត្តអារាម ព្រមទាំងវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលជាច្រើនវគ្គទៀតផងដែរ។






ឯកឧត្ដមបណ្ឌិត ងិន បាណាល់ បានសង្កត់ធ្ងន់ថា គ្រប់កម្មវិធី និងគ្រប់សកម្មភាពទាំងអស់របស់ក្រុមការងារអភិវឌ្ឍយុវជន គឺមិនអាចកាត់ផ្តាច់បានឡើយពីការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី។ លោកទាំងពីរតែងតែគិតគូរជាប្រចាំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលយុវជន ដែលជាទំពាំងបន្តវេន និងជាសសរទ្រូងដ៏រឹងមាំ ក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តព្រៃវែងឱ្យកាន់តែរីកចម្រើននាពេលអនាគត៕















