ទឹកបានហូរធ្លាក់ខ្លាំង នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីភ្លៀងធ្លាក់ច្រើនម៉ោង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ទឹកបានហូរធ្លាក់ខ្លាំងនៅឯតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីភ្លៀងធ្លាក់ច្រើនម៉ោង។ ទឹកហូរធ្លាក់នេះ បានធ្វើបង្អាក់ដំណើរអ្នកទេសចរដែលទៅលេងកម្សាន្ត តែទោះជាយ៉ាងណាមិនមានព័ត៌មានស្តីពីគ្រោះថ្នាក់ដល់អ្នកទេសចរនោះឡើយ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៦នេះថា មន្ត្រីឧទ្យានុរក្សនៅតំបន់នោះ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ភ្លាមៗក្នុងការជួយដល់អ្នកទេសចរ។ មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរ ក៏បានរៀបចំកន្លែងសម្រាក និងស្បៀងអាហារនានា ដល់អ្នកទេសចរដែលត្រូវជាប់នៅតំបន់នោះ។
ជាមួយនឹងហេតុការណ៍នេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់អ្នកទេសចរទៅលេងតំបន់ភ្នំក្នុងរដូវវស្សាឱ្យមានការប្រុងប្រយ័តឱ្យបានខ្ពស់ ព្រោះរដូវវស្សានៅពេលមានភ្លៀងតាមតំបន់ភ្នំ និងជ្រោះ គឺមានទឹកហូរបុកខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕







