ក្រសួងបរិស្ថាន បើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត ១លានដើមឆ្នាំ២០២៦

mnr By mnr July 10, 2026

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត ១លានដើម នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា «ថ្ងៃនេះ យើងមិនត្រឹមតែជួបជុំគ្នាដើម្បីបើកពិព័រណ៍ «ពន្លកបៃតង» ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាប្រកាសចាប់ផ្តើម ចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ។ «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព»។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជំរុញចលនាបៃតងយ៉ាងខ្លាំងក្លា ដោយចាត់ទុកពិព័រណ៍ «ពន្លកបៃតង» គឺជាបេសកកម្មជាតិដ៏មានគុណតម្លៃខ្ពស់បំផុត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ធម្មជាតិ និងព្រៃឈើ។ សកម្មភាពនេះមានគោលបំណងពង្រីកគម្របបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការតាំងពិព័រណ៍កូនឈើ និងយុទ្ធនាការដាំដើមត្នោតចំនួន ១លានដើម ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងបរិស្ថាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំចែកកូនឈើចម្រុះប្រមាណ ៥លានដើម ដោយឥតគិតថ្លៃជូនដល់សាធារណជននៅក្នុងឆ្នាំ២០២៦។

ពិព័រណ៍ផ្សព្វផ្សាយ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើម ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ មានការដាក់តាំងពិព័រណ៍កូនឈើ និងនិងចែកកូនឈើ នៅតាមស្តង់នីមួយៗ រៀបចំដោយក្រសួងបរិស្ថាន៕