សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចុះពិនិត្យតាមមណ្ឌលសុខភាព ក្រោយមានរបាយការណ៍ថា «មណ្ឌលសុខភាពស្ទើរ១០០% បានបើក២៤ម៉ោង»

mnr By mnr September 16, 2026

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសចុះទៅពិនិត្យតាមមណ្ឌលសុខភាពមួយចំនួន ដើម្បីស្វែងយល់ការពិត ក្រោយមានរបាយការណ៍ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលអះអាងថា មណ្ឌលសុខភាពស្ទើរតែ១០០ភាគរយ នៅទូទាំងប្រទេស បានបើកដំណើរការ២៤ម៉ោង ក្នុងការបម្រើសេវាសុខភាពដល់ប្រជាជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថា ត្រូវមានការធានាចំពោះការអះអាងនេះ ហើយថ្ងៃណាមួយ សម្ដេចនឹងទៅដល់មុខផ្ទះ ដើម្បីហៅចុះទៅពិនិត្យដោយផ្ទាល់តាមមណ្ឌលសុខភាព ថាតើពិតជាបានបើកដំណើរការ២៤ម៉ោងមែនឬអត់។

ការបង្ហើបរបស់ សម្ដេចធិបតី បែបនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យហ្លួងម៉ែ ស្ថិតក្នុងខណ្ឌដង្កោ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចធិបតី បានបញ្ជាក់ថា ក្នុងរយៈពេល៣ ឆ្នាំនៃអាណត្តិទី៧ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើន ហើយក្នុងនោះ សម្រាប់វិស័យសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅផ្តល់សេវាថែទាំសុខភាព ២៤ម៉ោងនៅតាមមណ្ឌលសុខភាព៕