រដ្ឋមន្រ្តីក្រសួងអប់រំ ៖ អក្ខរកម្មក្នុងបរិបទបច្ចុប្បន្ន ជាការបណ្ដុះជំនាញវិជ្ជាជីវៈប្រចាំជីវិត

ភ្នំពេញ ៖ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា អក្ខរកម្មក្នុងបរិបទបច្ចុប្បន្ន មិនត្រឹមតែផ្ដោតលើការចេះអាន សរសេរ និងគណនាលេខប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលអក្ខរកម្មឌីជីថល ការគិតវិភាគ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រចាំជីវិត។

ក្នុងឱកាសអបអរសាទរខួបលើកទី២៦ នៃទិវាអក្ខរកម្មជាតិ ក្រោមប្រធានបទ “អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន” នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា ទិវាអក្ខរកម្មជាតិឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធឡើងដើម្បីគូសរំលេចអំពីសារៈសំខាន់នៃអក្ខរកម្ម ក្នុងការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។

លោកបញ្ជាក់ថា អក្ខរកម្មក្នុងបរិបទបច្ចុប្បន្ន មិនត្រឹមតែផ្ដោតលើការចេះអាន សរសេរ និងគណនាលេខប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលអក្ខរកម្មឌីជីថល ការគិតវិភាគ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រចាំជីវិត ដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ និងយុវជនក្រៅសាលារៀន កម្មករ កម្មការិនី និងជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញក្នុងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។

បន្ថែមលើនេះឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការលើកកម្ពស់អក្ខរកម្ម និងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គម និងការបន្តរក្សានូវសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យភាពជាតិ៕


