ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ក្រុមឆបោក Online Scam ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានបោសសម្អាតស្ទើរតែ ១០០%

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងប្រាប់ US-ABC ថា ក្រុមឆបោក Online Scam ទ្រង់ទ្រាយធំ ត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ខណៈសមត្ថកិច្ច ក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀតផងដែរ។



ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រូវបានធ្វើឡើងក្នុងឱកាសជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក (US-ABC) ដឹកនាំដោយលោក ប្រាយអ៊ែន មែកហ្វីតទឺស៍ (Brian McFeeters) ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោកប្រធាន US-ABC បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។
លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ បង្កបរិយាកាសអំណោយផល ធ្វើឱ្យបណ្តាក្រុមហ៊ុនអាមេរិកដែលកំពុងមានវត្តមាននៅកម្ពុជា មានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះឱ្យអស់ ព្រោះបទល្មើសនេះ ជាអម្រែកនៅលើស្មាដែលត្រូវតែដោះស្រាយជាដាច់ខាត។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនប្រតិភូអំពីលទ្ធផលនាពេលថ្មីៗនេះថា «ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈជនជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញ»៕








