ក្រសួងបរិស្ថាន ចាត់វិធានការក្រុមហ៊ុនចំនួន២ នៅរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចេញសំណល់ប៉ះពាល់បរិស្ថាន

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញក្រុមហ៊ុនចំនួន២ នៅរាជធានីភ្នំពេញ បានបញ្ចេញសំណល់ប៉ះពាល់បរិស្ថាន និងតម្រូវឱ្យអនុវត្តវិធានការច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីការពារបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈ។

ជុំវិញករណីនេះ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្រ្តីជំនាញមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងបានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD. និងក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមការងារ បានរកឃើញថា ក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បានធ្វើដុតកម្ទេចក្រណាត់ក្នុងឡទី១ ប្រមាណ ១០០បាវ/ថ្ងៃ (៣០គ.ក្រ/បាវ) និងក្នុងឡទី២ បានដុតអុសចំនួន ១០-១៥ម៉ែត្រគូប/ថ្ងៃ និងប្រើប្រាស់ប្រេងម៉ាស៊ូតសម្រាប់បង្កើនចំហេះ។



ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ត្រូវបានក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់បង្កាត់ភ្លើងក្នុងឡចំហាយ ប្រហែល ១០គ.ក្រ/ថ្ងៃ ដែលឡចំហាយជាប្រភេទឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងនោះទេ។
ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបឋម ឃើញថាលទ្ធផលលើសកម្រិតស្ដង់ដារ។ ក្រុមហ៊ុននេះ មិនបានអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមិនបានរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។
ចំពោះមុខក្រសួងបរិស្ថាន បានចាត់វិធានការចំពោះក្រុមហ៊ុនទាំង២ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់៕



