សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្តល់ផ្ទះចំនួន ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ព្រះវិហារ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ។

ការផ្ដល់ផ្ទះនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ ប្រមាណជាង ៨០០នាក់ ជាបន្តទៀត ពិធីនេះបានប្រារព្ធឡើងនៅទីរួមខេត្តព្រះវិហារ។



នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពីសំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឿន ផល្លា ទីប្រឹក្សាសម្ដេចតេជោ ចំនួន៥០ខ្នង។

សម្តេចតេជោ ក៏បានបន្តក្រើនរំលឹក និងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់យុទ្ធជនពលី យុទ្ធជនពិការ និងក្រុមគ្រួសារ ដោយ សម្ដេច បានបញ្ជាក់ថា ការគ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅ ដោយត្រូវជំរុញកូនចៅរបស់ពួកគេឱ្យទទួលបានការអប់រំខ្ពស់ក្លាយជាបញ្ញវន្ត ដើម្បីតបស្នងនូវគុណបំណាច់ដ៏ធំធេងរបស់ពួកគេចំពោះជាតិមាតុភូមិ៕


