ក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តវិធានការគន្លឹះ ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងបាននិងកំពុងអនុវត្តវិធានការគន្លឹះសំខាន់ៗ ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនអត្រាចូលរៀន ។

ជំនួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក Kentaro Uesugi សមាជិកសភាជប៉ុន លោក ហង់ជួន ណារ៉ុន ថ្លែងថា ការអនុវត្តវិធានការកាត់បន្ថយការបោះបង់ការសិក្សា និងបង្កើនអត្រាចូលរៀនធ្វើឡើង តាមរយៈការពង្រីកការសាងសង់អគារសិក្សាបន្ថែមទៀតនៅក្នុងសហគមន៍ និងបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស ឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងមូលធនមនុស្សដែលមានជំនាញសតវត្សរ៍ទី២១ ។

បើតាមរដ្ឋមន្រ្តីវិធានការគន្លឹះទាំងនោះរួមមាន ៖ ការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងសាលារៀន ទាំងសាលារៀនជំនាន់ថ្មី និងស្តង់ដារសាលាគំរូ , កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូ ការលើកកម្ពស់គុណវុឌ្ឍិគ្រូ ចាប់ពីកម្រិតអប់រំកុមារតូចដល់ឧត្តមសិក្សា និងការដំឡើងបៀវត្សគ្រូបង្រៀន , ការពង្រឹងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា , លើកកម្ពស់ការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ , ជំរុញភាពជាដៃគូរវាងគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាស-ឧស្សាហកម្ម។
នាឱកាសនេះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ដោយក្រសួងបានដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅមជ្ឈមណ្ឌលគរុកោសល្យ និងបានអភិវឌ្ឍវេទិកាឌីជីថលសម្រាប់សិស្ស និងគ្រូ អាចប្រើប្រាស់មាតិកាសិក្សាតាមរយៈទូរសព្ទឆ្លាតវៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដើម្បីពង្រីកឱកាសទទួលបានការអប់រំឱ្យកាន់តែសម្បូរបែបប្រកបដោយគុណភាព និងសមធម៌ ៕



