គ្រោះថ្នាក់ចរាចរណ៍បុកព្រះសង្ឃថៃស្លាប់កើនឡើងដល់ ១០ អង្គ

mnr By mnr July 3, 2026

បាងកក៖ ព្រះសង្ឃថៃដែលរងគ្រោះថ្នាក់ចរាចរណ៍បានសុគតកើនឡើងដល់ ១០ អង្គហើយ។ករណីគ្រោះថ្នាក់នេះបណ្ដាលមកពីក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បាន បើកឡានដឹកទំនិញបុកក្បួនធម្មយាត្រានៅក្នុងប្រទេសថៃ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនៅ ថ្ងៃសុក្រ ទី៣ ខែកក្កដា។

ព្រះសង្ឃ ១០ អង្គផ្សេងទៀតនៅតែកំពុងព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ ព្រហស្បតិ៍ទី២ ខែកក្កដា ហើយ២អង្គស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមព័ត៌មានថ្មីៗបំផុតពីមន្ទីរពេទ្យ Mukdahan នៅភាគឦសាននៃប្រទេសថៃ។

ព្រះសង្ឃ១ក្រុមដែលមានចំនួន ៣៥ អង្គ និងគ្រហស្ថ ៥ នាក់ កំពុងដើរតាមដងផ្លូវមួយក្នុងខេត្ត Mukdahan អំឡុងពេលធ្វើធម្មយាត្រា ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿងបានបើកបុករះតែម្ដង។

ប៉ូលីសបាននិយាយថា ឡានបានបើកបរដោយក្មេងអាយុ ១១ ឆ្នាំម្នាក់ ដែលបានយករថយន្តរបស់ឪពុកម្តាយមកបើកបរដោយគ្មានការអនុញ្ញាត។

ព្រះសង្ឃប្រាំអង្គបានសុគតនៅនឹងកន្លែងកើតហេតុ ហើយព្រះសង្ឃប្រាំអង្គទៀតបានសុគតនៅក្នុងមន្ទីរពេទ្យ។

ចំណែកជនបង្កត្រូវបានបញ្ជូនទៅអាជ្ញាធរសុខុមាលភាពកុមារដើម្បីធ្វើការវាយតម្លៃ ដោយមានម្តាយរបស់គេអមដំណើរផងដែរ។

ប្រភព: CNA news