ADB និងដៃគូ ដាក់ដំណើរការមូលនិធិបង្វិល ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

mnr By mnr July 3, 2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដោយសហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងថា «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល គឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្តដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ 

EERF គឺជាយន្តការផ្តល់ហិរញ្ញប្បទានដែលត្រូវបានបង្កើតឡើងក្រោម កម្មវិធីអភិវឌ្ឍន៍វិស័យអន្តរកម្មថាមពលរបស់កម្ពុជា (Cambodia’s Energy Transition Sector Development Program) ហើយត្រូវបានរៀបចំឡើងដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលដោយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលតំណាងឱ្យក្រុមហ៊ុនជាង៩០% ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេស។

តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផលបន្ថែមទៀតជាមួយនឹងផលិតផលហិរញ្ញវត្ថុដែលបត់បែនបាន EERF នឹងផ្តល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យមក្នុងការវិនិយោគលើឧបករណ៍ និងការអនុវត្តទំនើបដែលសន្សំសំចៃថាមពល ដែលធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងរបស់ពួកគាត់តាមរយៈការកាត់បន្ថយថ្លៃថាមពល និងការពឹងផ្អែកលើប្រេងឥន្ធនៈដែលនាំចូល៕