កងវិស្វកម្មមួកខៀវកម្ពុជាចំនួន ១៨៤នាក់ ចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល

mnr By mnr September 9, 2026

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជា ចំនួន ១៨៤នាក់ ក្នុងនោះមានយោធិនជានារី ប្រមាណ៣០នាក់ ស្មើនឹង១៥ភាគរយ ជាកងប្ដូរវេន ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។

ចំពោះការចាត់បញ្ជូនកងទ័ពមួកខៀវនេះ ធ្វើឡើងចំពេលដែលកម្ពុជាប្រារព្ធខួប ២០ឆ្នាំ នៃការចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពសកលលោក។ កងវិស្វកម្មលេខ៨៦៤ ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺន ជំនាញច្បាស់លាស់មុនត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ។

ខណៈកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ មានយោធិនចំនួន ១៨៤នាក់ ក្នុងនោះមាននារី ១៧នាក់ បានធ្វើមាតុភូមិនិវត្តន៍ដោយជោគជ័យ បន្ទាប់ពីបានបំពេញបេសកកម្មមនុស្សធម៌ដ៏មានសារៈសំខាន់រួមមានសកម្មភាពដោះមីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាជននៅអាហ្វ្រិកកណ្តាល។ សមិទ្ធផលទាំងនេះបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦៕