៦ខែ ឆ្នាំ២០២៦ សមត្ថកិច្ច បានឃាត់ស្ត្រីខ្មែរជិត ២០០នាក់ ក្រោយសង្ស័យធ្វើដំណើរទៅក្រៅប្រទេសមិនប្រក្រតី

mnr By mnr July 20, 2026

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានផ្អាកដំណើរការស្រ្តីខ្មែរចំនួន១៩៨នាក់។ ការឃាត់ដំណើរនេះ គឺបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ជំនាញ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួរ រហូតរកឃើញថាបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

បញ្ហាស្ត្រីខ្មែរដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យកចិត្តទុកដាក់ ស្របតាមគោលគោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គមទាំងអស់ បន្តយកចិត្តទុកដាក់រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស៕