ទូតជប៉ុន សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងលើកសំណើសិក្សាលទ្ធភាពលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាទីស្តីការក្រសួងទេសចរណ៍។

លោក ឯកអគ្គរាជទូត បានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
លោក ឯកអគ្គរាជទូត បានលើកឡើងថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមបានធ្វើដំណើរទៅកាន់គ្រប់រាជធានី-ខេត្តទាំងអស់ និងបានទទួលបទពិសោធដោយផ្ទាល់អំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។ លោក បានប្ដេជ្ញាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទាំងនេះទៅកាន់ប្រជាជនជប៉ុន និងបានលើកជាសំណើស្នើសុំឱ្យពិនិត្យលទ្ធភាពសិក្សាលើការលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរជប៉ុន ដែលអញ្ជើញមកទស្សនាកម្ពុជា។

ជាកិច្ចឆ្លើយតប លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេសក្នុងវិស័យទេសចរណ៍៕


