រដ្ឋមន្ត្រីក្រសួងរ៉ែ ៖ រាជរដ្ឋាភិបាល ខិតខំជំរុញការប្រើប្រាស់ថាមពលស្អាត និងការសន្សំសំចៃ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រេងនាំចូលពីក្រៅប្រទេស

ពោធិ៍សាត់ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានផ្សព្វផ្សាយ និងពន្យល់យ៉ាងច្បាស់ អំពីស្ថានភាពសកលលោក ជាពិសេសជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងរុញច្រានឱ្យតម្លៃប្រេង និងទំនិញឡើងថ្លៃស្ទើរគ្រប់ទីកន្លែង ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ។

រាជរដ្ឋាភិបាលតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ដោយបានខិតខំជំរុញការប្រើប្រាស់ថាមពលស្អាត និងការសន្សំសំចៃ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រេងនាំចូលពីក្រៅប្រទេស ពិសេសធ្វើយ៉ាងណាសម្រាលបន្ទុកដល់បងប្អូនដែលប្រកបរបរដឹកជញ្ជូន។

លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅសាលប្រជុំធំគណបក្សខេត្ត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអ្នករត់ម៉ូតូឌុប ផាស់អាប់ (PassApp) និងកង់បី ទូទាំងក្រុងពោធិ៍សាត់ សរុបប្រមាណ៤៦៨នាក់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាព ដែលជាក្រុមការងារចុះជួយសង្កាត់ទាំងទូទាំងក្រុង។


ឆ្លើយតបនឹងការព្រួយបារម្ភលើវិស័យថាមពល លោក កែវ រតនៈ បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មានសញ្ញាណាមួយដែលថា កម្ពុជាយើងនឹងខ្វះខាតអគ្គិសនីប្រើប្រាស់នោះឡើយ។ យើងមានប្រភពថាមពលគ្រប់គ្រាន់ និងចម្រុះ ទាំងពីវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ (Solar) ដើម្បីធានាស្ថិរភាពដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូន»៕

