ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត » នៅរាជធានីភ្នំពេញ គ្រោងនឹងប្រារព្ធធ្វើឡើងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល ៦ថ្ងៃ

mnr By mnr March 2, 2026

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត » នៅរាជធានីភ្នំពេញដែលគ្រោងនឹងប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ។

លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើបទបង្ហាញពីគម្រោងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ធ្វើឡើងដើម្បីជាការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា គឺជាផ្នែកមួយនៃខឿនការពារជាតិ, ការចូលរួមជំរុញចរន្តសេដ្ឋកិច្ច គឺជាផ្នែកមួយ នៃខឿនការជារជាតិ,ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ-Home Coming”។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ រៀបចំព្រឹត្តិការណ៍ គូសបញ្ជាក់ដែរថា គម្រោងរៀបចំព្រឹត្តការណ៍ «នគរសង្ក្រាន្ត» គឺគណៈកម្មការរៀបចំបានគិតគូរច្បាស់លាស់នូវអ្វីដែរគួរធ្វើ និងអ្វីដែរមិនគួរធ្វើ ក្នុងពេលប្រតិបត្តិនៃការសប្បាយដោយមិនភ្លេចវីរកងទ័ពជួរមុខ និងជនភៀសសឹកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញនោះឡើយ តែជាការពង្រឹងស្មារតីជាតិ ពង្រឹងអត្តសញ្ញាណជាតិ ហើយផ្សព្វផ្សាយទៅក្រៅប្រទេសនូវអ្វីទៅដែលជាខ្មែរ។

ព្រឹត្តការណ៍ «នគរសង្រ្កាន្ត» គ្រោងធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងធំៗមួយចំនួនរួមមាន ៖ វត្តភ្នំ, ផ្លូវស្មើជើងចតុមុខ, សួនច្បារ Vattanac Capital Lifestyle មកដល់ផ្សាររាត្រី និងទីតាំងផ្សេងៗមួយចំនួនទៀត៕