សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិរវាង កម្ពុជា-ថៃ

mnr By mnr March 2, 2026

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់អង្គការសហប្រជាជាតិ អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីមានស្រាប់រវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ថា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅកម្ពុជានឹងបន្តភាពសកម្មរបស់ខ្លួនដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស ការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្ស ជាដើម។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីក្នុងភាពជាដៃគូរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការបន្តការគាំទ្ររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងដំណើរការនៃការចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ក្នុងឆ្នាំ២០២៩ ខាងមុខនេះ។

សម្ដេចធិបតី ក៏បានជម្រាបជូនលោកស្រី Vladanka Andreeva អំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ 

លោកស្រី ក៏បានជម្រាបជូនសម្ដេចធិបតីថា អង្គការសហប្រជាជាតិចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕