សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំពិភពលោកនឹងចូលរួមប្រជុំហ្វ្រង់កូហ្វូនី នៅប្រទេសកម្ពុជា កុំបារម្ភអំពីសុវត្ថិភាព

mnr By mnr March 2, 2026

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្តាំផ្ញើទៅបណ្តាមេដឹកនាំនៅលើពិភពលោកដែលភាគច្រើនមកពីអឺរ៉ុប នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី(OIF)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កុំភ័យបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ក្រោយជំនួបរវាងសម្តេចតេជោ និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា សម្តេចតេជោតាមរយៈលោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានផ្ញើសារទៅមេដឹកនាំមកពីជុំវិញពិភពលោកនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៦នេះ កុំបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រោះមិនជះឥទ្ធិពលអវិជ្ជមានណាមួយដល់កិច្ចប្រជុំទេ ។

អ្នកនាំពាក្យ បញ្ជាក់ថា «សម្តេចបានផ្ញើសារទៅកាន់លោកជំទាវ ដោយបញ្ជាក់ថា សូមឲ្យបណ្តាប្រទេសហ្វ្រង់កូហ្វូនី ជាពិសេសបណ្តាមេដឹកនាំដែលគ្រោងអញ្ជើញមកកាន់ប្រទេសកម្ពុជា នៅពេលខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី សូមកុំមានការបារម្ភ ថ្វីដ្បិតតែកម្ពុជា និងថៃមានបញ្ហាព្រំដែនជាមួយគ្នា ក៏មិនជះឥទ្ធិពលដល់ដំណើរការនៃការរៀបចំនៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់មួយនេះឡើយ»។

សូមបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានកាលពីពេលថ្មីៗនេះឲ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ខណៈឆ្នាំ២០២៥កិច្ចប្រជុំនេះប្រារព្ធឡើងនៅប្រទេសបារាំង ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និងតំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការហ្វ្រង់កូហ្វូនីដែលជិត១០០ប្រទេស ៕