អាជ្ញាធរមីនកម្ពុជា ៖ យន្តហោះចម្បាំងថៃ F 16 ទម្លាក់គ្រាប់បែក និងបំផ្លាញស្ពានមេទឹក ដែលទង្វើនេះបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា យន្តហោះចម្បាំងថៃ F 16 បានទម្លាក់គ្រាប់បែក និងបំផ្លាញស្ពានមេទឹក ទង្វើនេះបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ។

ស្ពានជ័យជំនះ ឬមេទឹក បានដាច់ជាពីរតែម្តង ក្រោយពីយោធាថៃ បានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់ បែក ដើម្បីកម្ទេចស្ពាននេះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ស្ពាននេះ ស្ថិតក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក លី ធុជ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា «យន្តហោះចម្បាំងថៃ F 16 បានទម្លាក់គ្រាប់បែក និងបំផ្លាញស្ពាននេះ (ស្ពានមេទឹក) ដែលទង្វើនេះបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយសារការបំផ្លាញស្ពាននេះ បានកាត់ផ្តាច់ការចូលទៅកាន់សេវាថែទាំសុខភាព និងការព្យាបាលពីមណ្ឌលសុខភាពតែមួយគត់ ដែលមានទីតាំងនៅក្នុងឃុំថ្មដា»។
លោកទេសរដ្ឋមន្រ្តី បន្ដថា ការបំផ្លាញស្ពាននេះ ក៏បានកាត់ផ្តាច់ការធ្វើដំណើររបស់ប្រជាជន និងកំពុងធ្វើឱ្យប្រជាជនរងទុក្ខវេទនាពីផលប៉ះពាល់សេដ្ឋកិច្ចសង្គម។
សូមរំលឹកថា ស្ពានមេទឹកនេះ ត្រូវបានស្ថាបនាជាស្ពានបេតុង តភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឹក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ។ ស្ពាននេះ មានចម្ងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចម្ងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង៕







