ផ្លូវ ៣ខ្សែ ក្នុងខេត្តត្បូងឃ្មុំ និងក្រចេះ តម្លៃជិត ៤៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

mnr By mnr August 25, 2026

ក្រចេះ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ផ្លូវ ៣ខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ រួមមាន កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវលេខ៣៧៧ និងផ្លូវលេខ៣៧៧អេ។ ផ្លូវទាំង៣ខ្សែនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

កំណាត់ផ្លូវទាំង ៣ខ្សែនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួន ២ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ដោយបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២១ខែ និងរយៈពេលថែទាំចំនួន ៥០ខែដូចគ្នា៕