ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួនឱ្យបាន ចៀសវាងប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ


ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួនឱ្យបាន ចៀសវាងការប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពី បុគ្គលឈ្មោះ ឆេង ភារុណ បានរត់គេចខ្លួនទៅប្រទេសវៀតណាម បន្ទាប់ពីបានបង្កហិង្សានៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច បាននាំខ្លួន ឆេង ភារុណ ពីទឹកដីវៀតណាម យកមកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ សីហា នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្លាំងរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានអនុវត្តការងារជំនាញនិងនីតិវិធី សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ជាពិសេសជាមួយនឹងនគរបាលវៀតណាម ទទួលនិងនាំខ្លួនឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា។



ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ទាំងថ្នាក់ដឹកនាំនគរបាល រហូតដល់មន្ត្រីនគរបាលជំនាញ ដែលបានសហការការងារជំនាញនិងសម្របសម្រួលនីតិវិធីលើករណីនេះ យ៉ាងជោគជ័យ។
ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «ខ្ញុំសូមទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួន ឱ្យបាន ចៀសវាងការប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ។ ក៏ប៉ុន្តែប្រសិនបើថ្លោះធ្លោយប្រព្រឹត្ត ត្រូវតែហ៊ានទទួលខុសត្រូវ ចៀសវាងការរត់គេចខ្លួន ព្រោះមិនអាចរត់គេចខ្លួនអស់មួយជីវិតបានទេ ឬត្រូវចូលសារភាពទទួលកំហុសអនុវត្តទោសតាមច្បាប់កំណត់ ដោយពុំចាំបាច់រង់ចាំការអន្ទងពីថ្នាក់ដឹកនាំ ឬអង្គភាពជំនាញណាមួយនោះឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ការភ្ញាក់ខ្លួននិងការចូលខ្លួនសារភាពគឺជាស្ថានភាពមួយ ដែលមន្ត្រីអនុវត្តច្បាប់នៅតែស្វាគមន៍»៕


