គ្រឿងញៀនជាង ១,៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញ នៅខេត្តព្រះវិហារ

mnr By mnr August 21, 2026

ព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ជាង ១,៣០០គីឡូក្រាម ដែលបង្ក្រាប និងរឹបអូសបានក្នុងភូមិសាស្ត្រខេត្តព្រះវិហារកន្លងមក។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមវត្តមានលោក ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ការរៀបចំពិធីដុតបំផ្លាញគ្រឿងញៀននេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងបង្ហាញពីការមិនអត់ឱនចំពោះការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព៕