កម្ពុជា-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ

mnr By mnr August 4, 2026

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេស នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអនុវត្តច្បាប់បង្រ្កាបបទល្មើស ធនធានធម្មជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីតាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យកាន់តែមានភាពសុក្រឹត និងប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារធនធានធម្មជាតិ។ លោក រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ចំពោះរាល់សកម្មភាពល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ ដោយស្មើភាព និងគ្មានការលើកលែង។ រាល់ករណីល្មើស ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត។

ជាការឆ្លើយតប លោក Devineni Udaykiran បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារ ស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ក្នុងការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងផ្តល់បច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកដល់ការប្រយុទ្ធប្រឆាំង នឹងបទល្មើសធនធានធម្មជាតិ សំដៅគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព៕