កម្ពុជា ទទួលបានឥណទានសម្បទាន ២៥០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (RISE)

mnr By mnr August 3, 2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានទំហំ ២៥០ លានដុល្លារអាម៉េរិក សម្រាប់ «កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (RISE)» នាពេលថ្មីៗនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមក្របខណ្ឌ Countercyclical Support Facility (CSF) ដើម្បីគាំទ្រដល់ការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ« របស់រាជរដ្ឋាភិបាល។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីគី នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ។

«កម្មវិធី RISE» មានគោលបំណងគាំទ្រដល់ការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់ ដែលបណ្តាលមកពីពហុវិបត្តិ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល និងតំបន់ ។

«កម្មវិធី RISE» ផ្តោត លើសម្មិទ្ធិផលគន្លឹះចំនួន ៣ រួមមាន៖ ១. ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មជូនគ្រួសារងាយរងគ្រោះ និង ៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះវិបតិ្តថាមពលជាយថាហេតុនាពេលអនាគត ។

ការទទួលបានហិរញ្ញប្បទានសម្រាប់ «កម្មវិធី RISE» ក្រោមយន្តការ CSF នាពេលនេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាកនេះ និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕