ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ចែករំលែកបទពិសោធន៍ និងបច្ចេកទេសសំខាន់ៗ ជូនសិស្សបាក់ឌុប ក្នុងស្រុកបាភ្នំ ដើម្បីដណ្ដើមជោគជ័យ

mnr By mnr August 3, 2026

ព្រៃវែង ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ក្នុងស្រុកបាភ្នំ ក្នុងនោះម៉ោង៧:៣០នាទី ជាមួយវិទ្យាល័យបាភ្នំ និងម៉ោង៩:៣០នាទី បន្តជួបជាមួយវិទ្យាល័យ ជា ស៊ីម រក្សជ័យ, វិទ្យាល័យបឹងព្រះ និងវិទ្យល័យធាយ ដែលមានសិស្សានុសិស្សចូលរួមសរុបចំនួន៧២៣នាក់។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា នៅសល់តែប្រមាណថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងចូលមកដល់។ ឯកឧត្ដមបានបង្ហាញក្ដីសង្ឃឹម និងជំនឿចិត្តយ៉ាងមុតមាំលើសមត្ថភាពរបស់សិស្សានុសិស្សទាំងអស់ ក្នុងការដណ្ដើមជោគជ័យជូនគ្រួសារ និងសាលារៀន។

ឯកឧត្ដមបណ្ឌិត ងិន បាណាល់ បានរំលេចថា យុវជនគឺជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនពីមនុស្សជំនាន់មុន។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ការអភិវឌ្ឍមូលធនមនុស្សលើវិស័យអប់រំ និងសុខាភិបាល គឺជាអាទិភាពចម្បងបំផុត។ ក្នុងបរិបទពិភពលោកដែលមានការប្រកួតប្រជែងខ្លាំងលើផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា សិស្សានុសិស្សត្រូវខិតខំរៀនសូត្រទ្វេដង ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងលើគ្រប់វិស័យ និងត្រូវខិតខំរៀនភាសាបរទេស ជាពិសេសភាសាអង់គ្លេស ដើម្បីពង្រីកការសិក្សាស្រាវជ្រាវ និងការប្រកួតប្រជែងលើឆាកអន្តរជាតិ។

ផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ឯកឧត្ដមបណ្ឌិត បានចែករំលែកនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន សម្រាប់បេក្ខជនប្រឡង រួមមាន៖ ការរៀបចំកាលវិភាគសិក្សាឱ្យបានទៀងទាត់, ការខិតខំពង្រឹងចំណុចខ្សោយរបស់ខ្លួន, ការហាត់ធ្វើវិញ្ញាសាចាស់ៗដើម្បីវាស់ស្ទង់សមត្ថភាព, ការគ្រប់គ្រងពេលវេលាក្នុងបន្ទប់ប្រឡងឱ្យមានប្រសិទ្ធភាព និងការបង្កើតជំនឿជាក់លើខ្លួនឯងដោយមិនត្រូវភ័យខ្លាចខ្លាំងពេកឡើយ។

ឯកឧត្ដមបណ្ឌិត បានផ្ដាំផ្ញើឱ្យបេក្ខជនទាំងអស់យកចិត្តទុកដាក់លើការថែរក្សាសុខភាព ដោយគេងឱ្យបានគ្រប់គ្រាន់ និងពិសាអាហារមានអនាម័យ ជាពិសេសអាហារដែលជាស្នាដៃរបស់ម្ដាយ។ ជាមួយគ្នានេះត្រូវប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុង និងវិន័យមណ្ឌលប្រឡង ត្រូវពិនិត្យសម្ភារសិក្សា និងឯកសារពាក់ព័ន្ធឱ្យបានសព្វជ្រុងជ្រោយ និងត្រូវរៀបចំផែនការសិក្សាបន្ត ឬជ្រើសរើសជំនាញវិជ្ជាជីវៈសម្រាប់អនាគត។

ឯកឧត្ដមបណ្ឌិត ក៏បានរំលឹកផងដែរថា ទោះបីសញ្ញាបត្របាក់ឌុបជាជំហានដ៏សំខាន់ ប៉ុន្តែវាមិនមែនជាអ្នកកំណត់ជោគវាសនាជីវិតទាំងស្រុងនោះទេ ព្រោះសិស្សានុសិស្សនៅតែមានឱកាសបន្តការសិក្សា ឬចាប់យកជំនាញវិជ្ជាជីវៈផ្សេងៗដើម្បីកសាងអនាគតបានយ៉ាងល្អប្រសើរ៕