កម្ពុជា ប្រឆាំងដាច់ខាត និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុក គ្រាប់បែកចង្កោម

mnr By mnr August 4, 2026

រតនគិរី ៖ កម្ពុជា បានប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម

ក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីខេត្តរតនគិរីថា កម្ពុជាសូមប្រកាសប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម និងយល់ច្បាស់អំពីទុក្ខវេទនា ការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កាលពីឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារចូលក្នុងទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ និងតំបន់ជនស៊ីវិល ដែលបង្កការគំរាមកំហែងរយៈពេលវែងដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាបញ្ចប់ការប្រើប្រាស់គ្រាប់បែកចង្កោម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ គាំទ្រជនរងគ្រោះ និងធានាឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្ត្រី អាចរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការភ័យខ្លាចពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ។

ជាមួយគ្នានេះ កម្ពុជាបន្តប្តេជ្ញាពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម ពង្រឹងការអប់រំយល់ដឹង ការជួយជនរងគ្រោះ និងការអភិវឌ្ឍសហគមន៍ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់បែកចង្កោមឡើយ៕